Breaking

Sunday, May 21, 2017

ទប់ស្កាត់​ជំងឺ​គ្រុន​ឈាម ក្រសួង​សុខាភិបាល​​ចែក​ថ្នាំអាប៊ែត ចំនួន​៣៥០ តោន!​

ក្រសួងសុខាភិបាល ចែក​ថ្នាំ អាប៊ែត ចំនួន​៣៥០​តោន នៅ​ទូ​ទាំង​ប្រទេស ដើម្បី​ទប់ស្កាត់​ជំងឺ​គ្រុន​ឈាម​។ មន្ត្រី​ក្រសួង​ បញ្ជាក់​ថា ថ្នាំ​ទាំង​អស់​នេះ បាន​បញ្ជូន​ទៅ​តាម​គ្រប់​ខេត្ត​រាជធានី​អស់​ហើយ ដើម្បី​ត្រៀម​ដាក់​​តាម​ផ្ទះ​ពលរដ្ឋ​។



ប្រធាន​មជ្ឈ​មណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុនចាញ់ ប៉ារ៉ាស៊ីត​សាស្ត្រ និង បាណកសាស្ត្រ វេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល ប្រាប់​ព័ត៌មាន​ក្នុង​ស្រុក​ថា ក្រសួងសុខាភិបាល បាន​បញ្ជូន​ថ្នាំ​អាប៊ែតចំនួន​៣៥០​តោន ទៅ​តាម​រាជធានី ខេត្ត​រួច​រាល់​អស់​ហើយ ដើម្បី​ត្រៀម​ចែក​ចាយ​ដាក់​នៅតាម​ផ្ទះ​របស់​ប្រជាពលរដ្ឋ និង​ដើម្បី​សម្លាប់​ដង្កូវ​ទឹក ដែល​ជា​ភ្នាក់​ងារ​ចម្លង​ជំងឺ​គ្រុន​ឈាម។
នេះ​គឺជា​ផែនការ​ដើម្បី​ទប់ស្កាត់​ជំងឺ​គ្រុនឈាម​ ខណៈ​ដែល​រដូវ​វស្សា​ឈាន​ចូល​មក​ដល់​។ តែ​ សម្រាប់​តំបន់​មួយ​ចំនួន បាន​ចែក​ថ្នាំ​នេះ​រួចហើយ ដោយ​សារតែ​រដូវវស្សា​បា​នចូល​មក​ដល់​លឿន​។
គួរ​ជ្រាបថា ការ​ដាក់​ថ្នាំ​អាប៊ែតនេះ ក្រសួងធ្វើពីរដង​ក្នុង១ឆ្នាំ គឺនៅដើម​រដូវ​វស្សា​ពេល ចាប់​ផ្តើម​ធ្លាក់​ភ្លៀង និង​លើក​ទី២​នៅចុងរដូវ​វស្សា​នៃ​ឆ្នាំ​នីមួយៗ​។ ក្រសួង​សុខាភិបាល ក៏បាន​អំពាវនាវ​ដល់​ពលរដ្ឋ​បើ​សង្ស័យ​ថា​កូនចៅ​របស់​ខ្លួន មាន​ជំងឺ​គ្រុន ឈាម ត្រូវ​បញ្ជូន​ជា​បន្ទាន់​ ទៅកាន់មន្ទីរ ពេទ្យ ដ្បិត​ថា​ ជំងឺគ្រុនឈាម មិន​អាច​ព្យាបាល​នៅ​តាម​ផ្ទះ​បាន​ទេ ត្រូវ​តែ​បញ្ជូន​ទៅមណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យ ដែល​មាន​ជំនាញ​ត្រឹម​ត្រូវ​។​
បើ​តាម​មន្ត្រីជំនាញ​​របស់​ក្រសួង​សុខាភិបាល, ស្ថានភាពជំងឺគ្រុនឈាមនៅឆ្នាំនេះ គឺ​មិនមាន​អ្វីគួរ​ឱ្យព្រួយបារម្ភនោះទេ ដោយសារតែករណីជំងឺគ្រុនឈាម​មាន​ការថយចុះយ៉ាង​ខ្លាំង​នៅ​ដើមឆ្នាំ​២០១៧​នេះ​។ ក្នុង​ពេល​ជិត​២០​សប្តាហ៍​ចុង​ក្រោយ​នេះ ជំងឺគ្រុនឈាមមានចំនួន៦៤២ករណី តែ​គ្មាន​ការ​ស្លាប់ទេ!​ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៦កន្លងទៅ ដែលមាន ចំនួន១៦១៤ករណី ក្នុងនោះ មាន​ស្លាប់មនុស្ស​៣នាក់៕
-ប្រភព​ពីAKP
ដកស្រង់ពី៖ RFI

No comments:

Post a Comment

Adbox